ថ្នាំគ្រវីក្បាល

ថ្នាំគ្រវីក្បាល

បច្ចុប្បន្ន ពិភពលោកកំពុងតែមានការព្រួយបារម្ភជាខ្លាំងពីឥទ្ធិពលនៃថ្នាំញៀន ដែលធ្វើឱ្យសង្គមមានភាពចលាចលវឹកវរ និងទាសភាព។ ថ្នាំគ្រវីក្បាលដែលយុវវ័យប្រើដើម្បីជាការសប្បាយនៅតាមក្លឹប កម្សាន្ដនានាហើយដែលពួកគេជឿថាអាចជួយឱ្យ មានអារម្មណ៍រីករាយ វាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងអនាគតរបស់ពួកគេព្រមទាំងមានទម្ងន់ទោសធ្ងន់ធ្ងរ និង ពិបាកព្យាបាលសម្រាប់ការប្រើប្រាស់ ឬញៀនថ្នាំប្រភេទនេះ។

ថ្នាំគ្រវីក្បាល ជាអ្វី?

ថ្នាំគ្រវីក្បាលមានឈ្មោះជាពាក្យបច្ចេកទេសថាអ៊ិចស្ដាស៊ី ជាប្រភេទគ្រឿងញៀនដែលធ្វើឱ្យរំជួលអារម្មណ៍និងរូបកាយ ហើយក៏ជាចង្កោមគ្រឿងញៀនដែលផលិតដោយមនុស្ស ខុសពីកញ្ឆាដែលបានមកពីរុក្ខជាតិ។ អ៊ិចស្ដាស៊ីផលិតចេញពីសារធាតុគីមី ដែលច្បាប់បានហាមឃាត់ វាមានរូបមន្ដរចនាសម្ព័ន្ធគីមីមូលដ្ឋានផ្សំឡើងដោយអំហ្វេតាមីនដែលចែក ចេញជាច្រើនប្រភេទ ដូចជាអឹម ឌីអឹម អេអឹមឌីអេ ធីអឹមអេ អឹមឌីអ៊ីអេជាដើម។ ជាធម្មតាថ្នាំគ្រវីក្បាលនាំឱ្យអ្នកប្រើប្រាស់មានអារម្មណ៍មិនប្រក្រតី សាច់ដុំកន្ដ្រាក់ និងប៉ះពាល់ដល់សរសៃប្រសាទពិសេសការគ្រប់គ្រងការគិតដែលមានប្រសិទ្ធភាព ពី២ម៉ោងរហូតដល់ទៅ១២ម៉ោង។ ការផលិត អ៊ិចស្ដាស៊ី ភាគច្រើនធ្វើឡើងដោយលួចលាក់គេឃើញចាប់មាននៅកម្ពុជាក្នុងឆ្នាំ២០០៤។ វាមិនត្រូវការចំការ ឬមនុស្សច្រើន និង ពេលវេលាច្រើនដើម្បីផលិតនោះទេ។ គេផលិតតែរយៈពេលមួយសប្ដាហ៍អាចចេញជារូបរាងតាមរយៈសារធាតុគីមី គ្រប់គ្រាន់ដើម្បីធ្វើ ការផលិត។ អ៊ិចស្ដាស៊ីជាគ្រឿងញៀនសំយោគមួយដោយគ្រាន់តែដាក់សារធាតុគីមី រួមបញ្ចូលគ្នាទៅតាមរូបមន្ដនៃការផលិត វាជា ការស្រេច។ ថ្នាំអ៊ិចស្ដាស៊ីត្រូវបានគេប្រើប្រាស់ដើម្បីការសប្បាយ ពិសេសសម្រាប់អ្នកដែលចូលចិត្ដសប្បាយ ដោយភាគច្រើនគេប្រើ នៅក្នុងក្លឹបកម្សាន្ដនានារហូតដល់គេហៅវាថាដ្រាហ្វក្លឹប (ថ្នាំញៀនក្នុងក្លឹប)។ ថ្នាំនេះធ្វើឱ្យអ្នកប្រើនៅមិនស្ងៀម សាច់ដុំកន្ដ្រាក់ ចង់តែគ្រវីក្បាល ញាក់ញ័របើមិនគ្រវីទេ នាំឱ្យឈឺក្បាលខ្លាំង។

មូលហេតុដែលនាំឱ្យមានការប្រើប្រាស់ថ្នាំគ្រវីក្បាល

អ្នកដែលប្រើប្រាស់អ៊ិចស្ដាស៊ីទទួលស្គាល់ថាធ្វើឱ្យពួកគេ មានសេចក្ដីសុខក្នុងអារម្មណ៍ជាទីបំផុត។ តាមរយៈការអូសទាញ របស់ឈ្មួញ ឬមិត្ដភក្ដិដែលជំរុញឱ្យសាកល្បង នាំឱ្យការប្រើប្រាស់កើនឡើងយ៉ាងខ្លាំង។ ការយល់ថាវាមានតម្លៃថោក ងាយរកទិញ និងគិតថាអាចជួយបំបាត់ទុក្ខ ការមិនយល់ ឬមិនបានដឹងពីទម្ងន់ទោសនិងផលវិបាកដ៏ធ្ងន់ធ្ងររបស់វាជាហេតុនាំឱ្យមាន ការប្រើប្រាស់ ដោយភាគច្រើនជាយុវវ័យដែលមិនទាន់មានការយល់ដឹង។

អាការអ្នកដែលប្រើប្រាស់ថ្នាំអ៊ិចស្ដាស៊ី

អ្នកដែលប្រើប្រាស់អ៊ិចស្ដាស៊ី មានរោគសញ្ញា ដូចជារីកប្រស្រីភ្នែក ជីពចរដើរញាប់ និងមិនទៀងទាត់កម្ដៅក្នុងខ្លួនកើន ឡើង ស្រែកឡូឡា រសាប់រសល់ បញ្ចេញសកម្មភាពខ្លាំងៗ ដោយការគ្រវីក្បាលញាប់ ឬកាន់តែញាប់ព្រមទាំងពិបាកអង្គុយនៅស្ងៀម ឆាប់មួម៉ៅ អាកប្បកិរិយាកន្ដ្រាក់សាច់ដុំបញ្ចេញសកម្មភាពយ៉ាងសកម្មការកន្ដ្រាក់ នៃសាច់ដុំបេះដូងជួនខ្លាំងជួនខ្សោយ បង្កើនភាព កន្ដ្រាក់សាច់ដុំ មានអារម្មណ៍ចម្លែក ចូលចិត្ដនិយាយច្រើនដោយប្រើសម្លេងខ្លាំងៗវង្វេងវង្វាន់ស្ដាប់ឮ ឬមើលឃើញអ្វីដែលពុំមែន ជាការពិត។ ហើយមានការពិនិត្យឈាម និងទឹកនោមទេទើបអាចសន្មត់ថាមានការប្រើប្រាស់ថ្នាំញៀន ឬអត់បានពិតប្រាកដ។

ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំអ៊ិចស្ដាស៊ី

ថ្នាំគ្រវីក្បាលមានឥទ្ធិពលខ្លាំងជាងអំហ្វេតាមីន និងមេតំហ្វេតាមីន។ គេមិនអាចប្រើវាដើម្បីធ្វើជាប្រយោជន៍ក្នុងការងារ បាន ទោះបើកបរ ឬលីសែងផ្សេងៗនោះទេ។ អ្នកដែលបានប្រើអ៊ិចស្ដាស៊ី ដោយការលេប ឬផឹកអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដោយ សារដាច់សរសៃឈាមក្នុងខួរក្បាល។ ព្រោះសម្ពាធឈាម និងចង្វាក់បេះដូងអាចកើនឡើងទ្វេដងបើប្រើប្រាស់ក្នុងបរិមាណម្ដងពី ១០០ទៅ១២០ក្រាម។ ជាទូទៅ វាបណ្ដាលឱ្យមានប្រតិកម្មវង្វេងវង្វាន់ ភ័ន្ដវិញ្ញាណដូចជាស្រមើស្រមៃ ស្ដាប់ច្រឡំជាដើម។ ចក្ខុ វិញ្ញាណ សោតវិញ្ញាណនិងកាយវិញ្ញាណប្រែប្រួលទាំងអស់ក្រោយពេលប្រើប្រាស់ ថ្នាំញៀន។ ភាគច្រើនឧស្សាហ៍ជួបនូវរូបភាព មិនពិត ដូចជាមានគេប្រាប់ថាមានសត្រូវតាមគាត់ជានិច្ចនាំឱ្យគាត់វាយសត្រូវដែល នៅក្បែរ(វាយមនុស្ស ឬជញ្ជាំងជាដើម) ដែល តាមពិតមិនមានអ្វីកើតឡើងទេ។ ហើយវាអាចនាំឱ្យអ្នកញៀនសើចនិងធ្វើអ្វីផ្ដេសផ្ដាស ព្រោះគាត់មានអារម្មណ៍ថាដូចជាមាននរណា ម្នាក់និយាយរឿងឱ្យគាត់សប្បាយចិត្ដឬមានអារម្មណ៍ថាសុខស្រួល។ វាមិនមានប្រយោជន៍អ្វីទាល់តែសោះ ខុសពីថ្នាំផ្សេងទៀតដែលគេអាចប្រើប្រាស់ជាប្រយោជន៍នៅក្នុង វិស័យវេជ្ជសាស្ដ្រ និងអាចប្រើប្រាស់ជាប្រយោជន៍សាធារណៈបាន។

បន្ទាប់ពីថ្នាំអស់ប្រសិទ្ធភាព អ្នកប្រើប្រាស់មានអាការមិនសប្បាយចិត្ដ ខ្ជិល ល្ហិតល្ហៃ ធ្វើទុក្ខសាច់ដុំនិងងាយមានជម្ងឺ សរសៃប្រសាទ។ វាផ្ដល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់ខ្លួនឯងដែលបាននិងកំពុងប្រើប្រាស់ និងអ្នកដទៃដោយសារការចំណាយប្រាក់ឥតប្រ យោជន៍ និងខ្ជះខ្ជាយពេលវេលាទៅលើថ្នាំញៀន ពិសេសគឺខុសច្បាប់ដែលអាចនាំឱ្យមានទោសរហូតដល់ជាប់ឃុំឃាំងពី៧ថ្ងែ ដល់១ខែ ពីបទប្រើប្រាស់ថ្នាំញៀន។ អ្នកជួញដូរនិងអ្នកស្ដុកថ្នាំញៀននឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់៤០០លានរៀល បើមានពាក់ព័ន្ធនឹងបរិមាណគ្រឿងញៀនលើសពី៣០០ក្រាមឡើងទៅ។ មិនទាន់មានវិធីសាស្ដ្រណាមួយដើម្បីព្យាបាលការញៀនឱ្យ ជាសះស្បើយ១០០% ទេ។

ដំបូន្មានអ្នកប្រឹក្សា

សូមលោកអ្នកទាំងអស់គ្នាធ្វើការស្វែងយល់ពីសន្ទុះនៃការរីករាលដាល របស់ថ្នាំញៀនមកលើសង្គមខ្មែរ។ វាជាការចាំបាច់ ដែលយុវវ័យត្រូវស្វែងយល់ពីផលវិបាកដែលស្ដែងចេញពីការប្រើប្រាស់ថ្នាំញៀន និងមិនគួរទទួលយកការប្រើប្រាស់ថ្នាំញៀនទេ។ សូម កុំជឿអ្នកលក់ថ្នាំ ឬមិត្ដភក្ដិដែលអូសទាញលោកអ្នកព្រោះគេនឹងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីលក់ឱ្យបានច្រើន និងទទួលបាននូវ ទាសករច្រើន។ ការសាកល្បងប្រើប្រាស់លើកដំបូងនាំឱ្យលោកអ្នកធ្លាក់ចូលទៅក្នុងវដ្ដនៃ ការញៀនជាស្វ័យប្រវត្ដិ និងជារៀងរហូត។ សូមឪពុកម្ដាយធ្វើការអប់រំនិងតាមដានកូនឱ្យបានល្អជាប្រចាំដើម្បី ការពារការប្រើប្រាស់ថ្នាំញៀន។ ការប្រើប្រាស់ថ្នាំញៀនរីករាល ដាលលឿន ឆាប់រហ័ស និងគួរឱ្យខ្លាចជាងជម្ងឺអេដស៍ទៅទៀតព្រោះវារត់មករកយើងតាមរយៈការអូសទាញ ឱ្យប្រើប្រាស់ដែល អាចជាអ្នកដែលយើងទុកចិត្ដ ឬមិត្ដស្និទ្ធស្នាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង

About piphup

Simple and Friendly!!!

Posted on April 19, 2012, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: