ព្រាយក្រឡាភ្លើង ឃាតក​ពេលសម្រាលកូន

ព្រាយក្រទ្បាភ្លើង ជាជម្ងឺមួយប្រភេទដែលអាចកើតមានចំពោះស្ដ្រីនៅពេលសម្រាលកូន។ ព្រាយក្រឡាភ្លើង គឺជាជម្ងឺមួយ ធ្ងន់ធ្ងរដែលអាចបង្កឱ្យម្ដាយ និងកូនក្នុងស្បូនបាត់បង់ជីវិតបាន។ ការពិគ្រោះជម្ងឺម៉ត់ចត់មុនពេលសម្រាល គឺជាមធ្យោបាយមួយដែល ល្អសម្រាប់រកឱ្យដឹងថាស្ដ្រីណាខ្លះអាចនឹងកើតជម្ងឺនេះ។

សូមស្វែងយល់ឱ្យកាន់តែច្បាស់ជាមួយ ទស្សនាវដ្ដីសុខភាពយើង អំពីប្រធានបទជម្ងឺព្រាយក្រទ្បាភ្លើង តាមរយៈការបក ស្រាយរបស់លោកវេជ្ជបណ្ឌិត ថៃហា្វ វ៉ីហ្គង់ អ្នកឯកទេសខាងសម្ភព និងរោគស្ដ្រីនៃមន្ទីរពេទ្យព្រះកុសុមៈ។

ព្រាយក្រទ្បាភ្លើង ជាអ្វី?

ការពិតទៅពាក្យព្រាយក្រឡាភ្លើងនេះមិនមានលក្ខណៈវិទ្យាសាស្ដ្រ អ្វីទាល់តែសោះ។ ពាក្យនេះអាចធ្វើឱ្យលោកអ្នកមួយ ចំនួនគិតដល់រឿងអបិយជំនឿ។ ក៏ប៉ុន្ដែដោយសារក្រុមអ្នកវិទ្យាសាស្ដ្រខ្មែរយើងមិនទាន់មានលទ្ធភាព រកពាក្យអ្វីមួយជំនួស ដើម្បីឱ្យ ប្រជាពលរដ្ឋងាយយល់ យើងក៏នៅតែបន្ដប្រើពាក្យនេះដដែល។ ព្រាយក្រឡាភ្លើង គឺជាជម្ងឺមួយដែលឧស្សាហ៍ជួបប្រទះ ជាពិសេស នៅប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសកម្ពុជាយើងជាដើម។

តាមតួលេខអន្ដរជាតិ យើងឃើញថាពី៥ទៅ៧%នៃស្ដ្រីមានផ្ទៃពោះកើតជម្ងឺឡើងឈាម និងទឹកនោមប្រៃ។ រីឯជម្ងឺព្រាយក្រឡាភ្លើងកើតឡើងលើស្ដ្រីមានផ្ទៃពោះចំនួន៣ទៅ៩លើ១០០០។ ជម្ងឺនេះជាមូលហេតុទី២នៃអត្រាមរណៈភាពរបស់ម្ដាយ គឺបន្ទាប់ ពីមូលហេតុស្លាប់ដោយការធ្លាក់ឈាម។ ទាក់ទងនឹងអត្រាមរណៈភាពរបស់ម្ដាយ និងកូន ដោយសារជម្ងឺនេះគឺ៦% ចំពោះម្ដាយ និង១ ៥%ចំពោះកូន។

មូលហេតុព្រាយក្រឡាភ្លើង

សឹងតែទាំងអស់របស់ជម្ងឺនេះ គឺជាផលវិបាករបស់ជម្ងឺលើសឈាម និងជម្ងឺទឹកនោមប្រៃពេលមានផ្ទៃពោះ។ មូលហេតុ ចម្បងដែលបង្កឱ្យកើតជម្ងឺឡើងឈាម និងទឹកនោមប្រៃនោះ គឺមកពីវិបត្ដិនៃការលូតលាស់របស់សុក។ នៅពេលមានផ្ទៃពោះ សុកដើរ តួនាទី សំខាន់ណាស់ក្នុងការប្ដូរសារធាតុចិញ្ចឹមពីម្ដាយទៅកូន។ នៅពេលអាយុកូនក្នុងស្បូនកាន់តែច្រើន សុកក៏កាន់តែធំដែរ។ ក្នុង ករណីធម្មតា ការលូតលាស់របស់សុកបានធ្វើឱ្យសរសៃឈាមរបស់ស្បូនមានសភាពរីកធំ។ ក៏ប៉ុន្ដែក្នុងករណីមួយចំនួន សុកធ្វើការរបស់ វាមិនបានល្អ នៅពេលនោះសរសៃឈាមមួយចំនួនរីកធំ ឬក៏រួមតូចធ្វើឱ្យការនាំឈាមមកចិញ្ចឹមកូន និងសុកមិនបានល្អ ពេលនោះកូន នៅក្នុងស្បូន និងសុកស្ថិតនៅក្នុងសភាពខ្វះឈាម។ ការខ្វះឈាមរបស់សុកធ្វើឱ្យមានការបញ្ចេញសារធាតុមួយចំនួនដែលជា ហេតុនាំឱ្យ សរសៃឈាមស្បូនកាន់តែរួមតូចទៀត បន្ទាប់មកសរសៃឈាមផ្សេងទៀតរបស់សរីរាង្គ ដូចជាតម្រងនោម ថ្លើម ខួរក្បាលជាដើមក៏រួម តូចដែរ។ សភាពខ្វះឈាមរបស់សរីរាង្គទាំងនេះបណ្ដាលឱ្យលេចចេញរោគសញ្ញាមួយចំនួន ដូចជាការឡើងឈាម ទឹកនោមប្រៃ  បែក កោសិកាថ្លើម ហើមខ្លួន ឬប្រកាច់។ ការប្រកាច់បណ្ដាលមកពីភាពហើម និងខ្វះឈាមរបស់ខួរក្បាល។

រោគសញ្ញាព្រាយក្រឡាភ្លើង

ការប្រកាច់ព្រាយក្រទ្បាភ្លើងមិនមានហៀរទឹកនោម និងមានលក្ខណៈពិសេសខុសពីការប្រកាច់របស់ជម្ងឺផ្សេងទៀត។ ការ ប្រកាច់របស់ព្រាយក្រឡាភ្លើងធ្វើឡើងដោយមាន៤ដំណាក់កាលបន្ដ បន្ទាប់គ្នា។

1. ដំណាក់កាលទី១ ៖ រយៈពេល៣០វិនាទី។ អ្នកជម្ងឺមានសភាពញ័ររំជួយសាច់ដុំ ដោយចាប់ផ្ដើមពីមុខកនិង បន្ទាប់មកដៃជើង។ ព្រមទាំងមានអាការៈ ដូចជាការវិលគ្រាប់ភ្នែកនៅក្នុងប្រអប់កែវភ្នែកជាដើម។

2. ដំណាក់កាលទី២ ៖ រយៈពេលពី២០ទៅ៣០វិនាទី។ មានការកន្ដ្រាក់សាច់ដុំទាំងអស់់របស់់អ្នកជម្ងឺ។ ដងខ្លួន របស់អ្នកជម្ងឺឡើងអ៊ែន ក្បាលកាច់មកខាងក្រោយ ដៃទាំងសងខាងបត់ជាប់នឹងទ្រូង ជើងទាំងសងខាងឡើងត្រង់ភ្លឹង។ អ្នកជម្ងឺមានស្បែកប្រែពណ៌ទៅជាស្វាយដោយមិនមានការដកដង្ហើម។

3. ដំណាក់កាលទី៣ ៖ រយៈពេលលើសពី១នាទី។ មានការប្រកាច់ ឬកន្ដ្រាក់ញ័ររហូតនៅពាក់កណ្ដាលខាងលើ នៃដងខ្លួនអ្នកជម្ងឺ។

4. ដំណាក់កាលទី៤ ៖ រយៈពេលអាចយូរ។ អ្នកជម្ងឺស្ថិតនៅក្នុងសភាពសន្លប់បាត់ស្មារតី។ ដៃជើង និងដងខ្លួន ឡើងទន់ជ្រាយ ព្រមទាំងឃើញមានភាពរីកធំរបស់ប្រស្រីភ្នែក។

ការព្យាបាលព្រាយក្រទ្បាភ្លើង

ការព្យាបាលត្រូវបានធ្វើទ្បើងជាពីរដំណាក់កាល។

1. សង្គ្រោះបន្ទាន់លើម្ដាយ ៖ ជាកិច្ចការមួយបន្ទាន់បំផុត ព្រោះអ្នកជម្ងឺអាចនឹងមានគ្រោះថ្នាក់ដល់ជីវិត ឬបន្សល់នូវ ផលវិបាកធ្ងន់ធ្ងរដោយសារវិបត្ដិផ្លូវដកដង្ហើម ប្រព័ន្ធសរសៃឈាម ប្រព័ន្ធសរសៃប្រសាទ ប្រព័ន្ធតម្រងនោមជាដើម។ ការ សង្គ្រោះបន្ទាន់ រួមមានការសម្រួលផ្លូវដកដង្ហើម ការបង្គ្រប់ជាតិទឹក ការផ្ដល់អុកស៊ីហ្សែន ការប្រើថ្នាំប្រកាច់ និងការប្រើថ្នាំ បន្ថយសម្ពាធឈាម។

2. ការព្យាបាលលើកូន ៖ កូននៅក្នុងស្បូនអាចនឹងស្លាប់ដោយសារវិបត្ដិនៃចរន្ដសរសៃឈាមស្បូន ក្នុងពេលដែលម្ដាយប្រកាច់។ បន្ទាប់ពីជួយម្ដាយឱ្យផុតពីគ្រោះថ្នាក់នៃការប្រកាច់ គ្រូពេទ្យត្រូវរកមធ្យោបាយឱ្យកូននោះកើតចេញមកខាង ក្រៅ។ ជាទូទៅមានតែការវះកាត់ជាបន្ទាន់ទេ ដែលអាចឆ្លើយនូវតម្រូវការនេះ។

ផលវិបាកព្រាយក្រឡាភ្លើង

នៅពេលមានផ្ទៃពោះលើកក្រោយទៀត អ្នកជម្ងឺនោះឆាប់កើតជម្ងឺឡើងឈាម និងទឹកនោមប្រៃ ព្រមទាំងជម្ងឺព្រាយក្រឡាភ្លើង កូនកើតមិនគ្រប់ទម្ងន់ ឬក៏កូនស្លាប់ក្នុងស្បូន។ ដើម្បីចៀសវាងនូវបញ្ហាទាំងនេះ អ្នកជម្ងឺត្រូវប្រើថ្នាំជួយសម្រួលការលូតលាស់របស់សរសៃឈាមស្បូនប្រភេទ អាស្ពីរីនកម្រិត១០០មីលីក្រាមក្នុងមួយថ្ងៃ ចាប់ពីកូនអាយុ៨សប្ដាហ៍ រហូតដល់កូនអាយុ៣៧ សប្ដាហ៍។

ដំបូន្មានអ្នកជំនាញ

មានតែការពិនិត្យផ្ទៃពោះ ការវាស់កម្រិតជាតិស្ករ ឬជាតិប្រៃក្នុងទឹកនោមនៅពេលពពោះ ព្រមជាមួយនឹងការសម្រាលកូន នៅមន្ទីរពេទ្យទេ ទើបធានាសុវត្ដិភាពសម្រាប់ការការពារជម្ងឺព្រាយក្រទ្បាភ្លើង និងជម្ងឺផ្សេងទៀតដែលអាចកើតមាននៅពេលសម្រាលបាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង

About piphup

Simple and Friendly!!!

Posted on March 30, 2012, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: